​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​ពិភាក្សា​និង​សម្រេច​លើ​សំណើ​របស់​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ដំណើរការ​សមាហរណកម្ម​បុគ្គលិក ទៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក

(​ខេត្ត​កំពត​)៖ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​១២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​ពិភាក្សា និង​សម្រេច​លើ​សំណើ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ក្នុង​ដំណើរការ​សមាហរណកម្ម​បុគ្គលិក​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០៥៥​ស​.​ណ​.​ន របស់​ក្រសួង​មហាផ្ទៃ ស្ដី​ពី​ការធានា​និរន្តរភាព​ការងាររដ្ឋបាល និង​ការផ្ដល់​សេវា​ក្នុង​ដំណើរការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត អភិបាល និង​មន្ត្រី ពាក់ព័ន្ធ​ក្រុង​ស្រុក សរុប​៥៥​នាក់​។

​លោក ជាវ តា​យ អភិបាលខេត្ត បានចាត់ទុក​កិច្ចប្រជុំ​នាពេលនេះ គឺជា​ការងារ​ចាំបាច់​ក្នុង​ការអនុវត្ត​នូវ​កំណែទម្រង់​ថ្មី ស្រប​ទៅ​នឹង​គោលនយោបាយ កំណែទម្រង់​តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ក្នុងន័យ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាន់តែ​មាន​ស្វ័យភាព ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលខេត្ត ក៏​បាន​លើក​បញ្ជាក់​ទៀត​ថា ដោយ​ផ្អែក​លើ​នយោបាយ​កំណែទម្រង់​នេះ ដូច្នេះ​សូម​ឲ្យ​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​រួសរាន់​ដើម្បី​រៀបចំ​បញ្ជូន​ទៅ គ​.​ជ​.​អ​.​ប ពិនិត្យ​សម្រេច បាន ទាន់ពេលវេលា​តាម​សេចក្ដីណែនាំ និង​តាម​ការកំណត់​របស់​ថ្នាក់​ជាតិ​ដែល​កំពុង​ពន្លឿន​លើ​ការងារសមាហរណកម្ម បុគ្គលិក​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នឹង​ដំណើរការ​អនុវត្ត នូវ​រចនាសម្ព័ន្ធ​ថ្មី ក្នុង​ខែ​មករា​ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ជាមួយ​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​សំណូមពរ​ស្នើឱ្យ នាយក​រដ្ឋបាលខេត្ត​ធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ​លិខិត​លេខ ០៥៥​ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៩ របស់​ក្រសួង​មហាផ្ទៃ​ស្ដី​ពី​ការធានា​និរន្តរភាព​ការងាររដ្ឋបាល និង​ការផ្ដល់​សេវា​ក្នុង​ដំណេីរ​ការរៀបចំ​រចនាសម្ព័​ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​៕ សេង ណា​រិទ្ធ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *