អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ថ្ងៃ​ជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០២០

ប៉ៃលិន​៖ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ថ្ងៃ​ជ័យជំនះ ៧​មករា (៧​មករា​១៩៧៩-៧ មករា ២០២០) ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម អ៊ី​ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ចុះជួយ​មូលដ្ឋាន​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត សមាជិកសភា ក្រុមប្រឹក្សា​ខេត្ត​, អភិបាល អភិបាលរង​ខេត្ត ក្រុង​/​ស្រុក ប្រធាន​អនុប្រធាន​ស្ថាប័ន មន្ទីរ អង្គភាព​, កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​, សិស្សានុសិស្ស​, និង​ប្រជាពលរដ្ឋ ប្រមាណ ៧០០​នាក់​ផង​ដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​បាន​អាន​នូវ​សុន្ទរកថា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អង្គ​មី​ទ្ទីង​ខួប​លើក​ទី ៤១ នៃ​ទិវា​ជ័យជំនះ ៧​មករា ដោយ​មាន​ខ្លឹមសារ​ថា​៖ ប្រជាជន​កម្ពុជា​យើង​នៅ​គ្រប់ទិសទី​ទាំង​ក្នុង​និង​ក្រៅប្រទេស កំពុង​អបអរ​យ៉ាង​ក្លៀវក្លា​នូវ​ខួប​អនុស្សាវរីយ៍​នៃ​ទិវា​ជ័យជំនះ​ប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ ដ៏​ឧត្តុងឧត្តម​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ប្រយុទ្ធ​ធ្វើ​ពលី​កម្ម​អង់អាច​ក្លាហាន ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត និង​ការការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​យើង​ទាំងមូល​។ ក្នុង​សារលិខិត​មាន​ខ្លឹមសារ​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា និង​កំពុង​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។ តាមរយះ​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​នូវ​ប្រព័ន្ធ​គាំពារ ២​សំខាន់ៗ​រួមមាន​៖ ប្រព័ន្ធ​ជំនួយ​សង្គម​គាំពារ​ដល់​ប្រជាជន​ដែល​រស់នៅ​ក្រោម និង​ក្បែរ​បន្ទាត់​ក្រីក្រ ដោយ​ផ្តោត​លើ​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ជនពិការ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ផ្តល់​គាំពារ​ហានិភ័យ​លើ​ផ្នែក​សោធន ថែទាំ​សុខភាព ហានិភ័យ​ការងារ និកម្ម​ភាព និង​ពិការភាព​ដល់​ក្រុម​ប្រជាជន​វិស័យសេដ្ឋកិច្ច​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​អង្គ​មីទ្ទិង​នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ ស្មារតី​៧​មករា បាន​ផ្តល់​នូវ​មេរៀន និង​បទពិសោធន៍ ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​យើងទាំងអស់គ្នា ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ត​ទៅ​មុខ​ទៀត​។ ស្មារតី​៧​មករា មាន​សត្រូវ​តែ​មួយ​ប៉ុណ្ណោះ គឺ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ក្លាយជា​បញ្ហា​ក្នុង​ប្រវត្តិសាស្ត្រ​ទៅហើយ ដូច្នេះ​អ្នក​ដែល​ប្រឆាំង និង​ស្មារតី​៧​មករា គឺជា​អ្នក​ស្រលាញ់ របប​ប្រល័យ​ពូជសាសន៍ ជា​អ្នក​ប្រឈម​នឹង​ដំណើរការ​លូតលាស់​របស់​ប្រទេសជាតិ​។ ឯកឧត្តម អ៊ី ឈាន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ស្មារតី​៧​មករា នៅ​ស្ថិត​ស្ថិរ​ជានិច្ច ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដូច​អនាគត​យូរអង្វែង ប្រៀប​ដូចជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដែល​នាំ​ពី​ជ័យជម្នះ​មួយ ទៅ​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា​ទេនោះ ក៏​យើង​គ្មាន​ថ្ងៃនេះ​ដែរ ដូច្នេះ​ស្មារតី​សាមគ្គី​សង្គ្រោះ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​តស៊ូ​រំដោះជាតិ រំដោះ​ប្រជាជន​ខ្មែរ​ទាំងអស់ ឲ្យ​រួចផុត​ពី​រណ្ដៅនរក​នៃ​របប​អាវខ្មៅ ប៉ុល ពត ដ៏​សាហាវយង់ឃ្នង កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់ សម្លាប់​អ្នកចេះដឹង​ខ្មែរ​ចោល​ស្ទើរ​ទាំងអស់ ដែល​ជា​សោកនាដកម្ម​ដ៏​សែន​ខ្លោចផ្សារ​។​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *