​រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប អនុស្សាវរីយ៍​លើក​ទី​៤១ ទិវា​ជ័យជម្នះ ៧​មករា​

(​ស្វាយរៀង​) ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ពិធី​មី​ទ្ទិញ​រំឭក​ខួប អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅ​បរិវេណ​សាលាខេត្ត ក្រោម​អធិបតីភាព​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី​។​

​ក្នុង​ពិធី​នេះ មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍​ជន និង​បងប្អូន​ប្រជា​ជា​ពលរដ្ឋ សរុប​ប្រមាណ​ជាង​៤,០០០​នាក់​។​

​ក្នុងឱកាស​នោះ បន្ទាប់​ពី​អាន​សុន្ទរកថា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មករា លោក​អភិបាលខេត្ត និង​លោកស្រី និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី បាន​ចែក​អំណោយ​ជូន​ដល់​និវត្តន៍​ជន ចំនួន​២០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល និង​ឃី​តម្នាក់​១​កញ្ចប់​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែងថា អត្ថន័យ​ដ៏​ជ្រាលជ្រៅ នៃ​កម្លាំង​មហា​សាមគ្គី​ជាតិ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​តេជោ ហ៊ុន សែន ប្រទេស​កម្ពុជា ទាំងមូល ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​របស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ។​

​ដោយឡែក​ខេត្ត​ស្វាយរៀង ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ចាត់ទុក​ជា​ថ្ងៃកំណើត​លើក​ទី​២ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេចបាន ហើយ​បច្ចុប្បន្ន​នេះ សន្តិភាព​ជា​ឱកាស​ពេជ្រ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួបជុំគ្នា​សប្បាយរីករាយ និង​មាន​ការអភិវឌ្ឍន៍ ដូចដែល​យើង​ឃើញ​ផ្ទាល់​ភ្នែក នៅ​ខេត្ត​ស្វាយរៀង យើង​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ដើម្បី​ពន្លឿន​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​ប្រទេស ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ របស់​រាជរដ្ឋាភិបាល​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *