​រដ្ឋមន្ដ្រី​កសិកម្ម ផ្ដល់​អនុសាសន៍​ដល់​មន្ដ្រីជលផល បង្កើន​ការគ្រប់គ្រង​ធនធាន​មច្ឆជាតិ​ឲ្យមាន​និរន្ដរភា​ព​

(​ភ្នំពេញ​)៖ លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​វិស័យ​ជលផល ដែល​សម្រេចបាន នា​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត ឆ្នាំ​២០២០ របស់​រដ្ឋបាល​ជលផល ដែល​រៀបចំ​ធ្វើឡើង នា​ទីស្តីការ​ក្រសួង​កសិកម្ម​។​

​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ វិស័យ​ជលផល​ខាងលើនេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាល​ជលផល អង្គភាព​ក្រោម​ឱវាទ យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ រដ្ឋបាល​ជលផល​ទាំងអស់ ដែល​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ទទួលបាន​លទ្ធផល គួរ​ជាទី​មោទនៈ​។​

​លោក​បាន​បន្ដថា កិច្ចប្រជុំ​បូក​សរុប​ការងារ រយៈពេល​ពីរ​ថ្ងៃ​នេះ គឺជា​ឱកាស​ម្រាប់​ឲ្យ​យើងទាំងអស់គ្នា ពិភាក្សា​យ៉ាង​ផុលផុស ចែករំលែក ដកស្រង់​បទ ពិសោធន៍ មេរៀន​ល្អៗ កំណត់​បាន​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ឈានទៅ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ​ថ្មីៗ​សម្រាប់​អនុវត្ត​បន្ត ដើម្បី​ជា​ចលករ​ជំរុញ​វិស័យ​មួយ​នេះ ឲ្យ​ឈាន​ទៅ​មុខ​ស្របតាម​ទិសដៅ​ដែល​បាន​កំណត់ និង​ជា​ពិសេស​ឆ្លើយតប​ទៅ នឹង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣​។​

​ស្តែង​ចេញ​ពី​សមិទ្ធផល​នេះ លោក​រដ្ឋមន្ដ្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បណ្តា​ប្រទេស​ជា​មិត្ត ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​សហគមន៍​នេសាទ ដែល​បាន​រួមចំណែក​ឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារ បច្ចេកទេស និង​ថវិកា ដើម្បី​ចូលរួម​ជា​កំលាំង​ការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ព្រៃ​លិច​ទឹក បង្ក្រាប​បទល្មើស និង​ជួយ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម ធ្វើឲ្យ​វិស័យ​មួយនេះ មានការ​វិវឌ្ឍន៍​រីកចម្រើន គួរឲ្យកត់សម្គាល់​។​

​តាមរយៈ​របាយការណ៍​របស់លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ការងារ​អនុវត្ត និង​ផ្សព្វផ្សាយ​ច្បាប់ បច្ចេកទេស ការងារ​ស្រាវជ្រាវ អភិរក្ស សហគមន៍ ផល​នេសាទ​ទឹកសាប សមុទ្រ និង​វារីវប្បកម្ម បញ្ហា​ប្រឈម បទល្មើស និង​សំណូមពរ -​ល​-​។​

​យោង​លើ​សមិទ្ធផល​នេះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​សុទិដ្ឋិនិយម​ថា នេះ​គឺ​បានមក​ពី​ការខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី​ទទួលខុសត្រូវ​របស់​លោក លោកស្រី នាង​កញ្ញា​ទាំងអស់ នា​ឆ្នាំ​កន្លងមក ហើយ​លោក​សង្ឃឹម និង​ជឿជាក់​ថា ឆ្នាំ​២០២០ រដ្ឋបាល​ជលផល នឹង​ខិតខំ​បំពេញ​ភារកិច្ច​ទ្វេរ​ឡើង ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ឈាន​ឆ្ពោះ​ទៅ​សម្រេច ឲ្យបាន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា ការគ្រប់គ្រង​ធនធាន​មច្ឆជាតិ ឲ្យមាន​និរន្ដរភាព គឺជា​កិច្ចការ​មួយ ដែល​មាន​លក្ខណៈ​លំបាក​ស្មុគស្មាញ ដោយហេតុ​ថា ការប្រែប្រួល​អាកាសធាតុ ការប្រែប្រួល​ភូមិសាស្ត្រ​ទឹក ដី ចំនួន​ប្រជាជន​មាន​ការកើនឡើង សេចក្តីត្រូវការ​ផល​ចាប់​កើនឡើង​ខ្ពស់ សមត្ថភាព​នៃ​ការគ្រប់គ្រង ការការពារ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ការបង្ក្រាប​បទល្មើស ការ​ទន្ទ្រាន​យក​ព្រៃ​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ ធនធានមនុស្ស ហិរញ្ញវត្ថុ កិច្ចសហការ ការងារ​អភិរក្ស និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នៅមានកម្រិត​។​

​ហេតុដូច្នេះ​ហើយ ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ផ្តល់​អនុសាសន៍ ជូន​លោក​ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ការងារ បន្ត​ដែល​ពាក់ព័ន្ធ​ជាអាទិ៍ ៖

* ការពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ការគោរព​វិជ្ជាជីវៈ​
* ការបង្កើន​សមត្ថភាព បច្ចេកទេស​វារីវប្បកម្ម ពង្រីក​ការចិញ្ចឹម​ត្រី​ពូជ​ក្នុង​បឹង ស្រះ ក្នុង​ស្រែ​
* បង្កើត​យន្តការ​បង្ការ ទប់ស្កាត់ ការបង្ក្រាប​បទល្មើស និង​ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក​ជា​កម្មសិទ្ធិ​
* ខិតខំ​ពង្រឹង ពង្រីក​សមត្ថភាព​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​នេសាទ​
* យកចិត្តទុកដាក់​គ្រប់គ្រង ការពារ​តំបន់​អភិរក្ស​ឲ្យបាន​គង់វង្ស​
* លើក​ទឹកចិត្ដ ដល់​ផ្នែក​ឯកជន ក្នុង​ការវិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​
* លើកកម្ពស់​សមត្ថភាព​មន្ទីរ ពិសោធន៍ ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​
* រៀបចំ​យុទ្ធសាស្ត្រ​ប​ន្ស៊ាំ នឹង​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ធានា​ការគ្រប់គ្រង ការការពារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​
* បន្ត​ចុះ​បញ្ជិ​ដី​សាធារណៈ​របស់​រដ្ឋ​ចៀសវាង​ការបាត់បង់ ពង្រឹង និង​ពង្រីក​កិច្ច សហការ​ឲ្យបាន​កាន់តែ​ប្រសើរ ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ -​ល​-​។​

​ឆ្លៀត​យក​ឱកាស​នេះ​ផង​ដែរ លោក​រដ្ឋមន្ត្រី វេង សាខុន ក៏​បាន​រំឭក​ជូន​អង្គពិធី​ថា ដោយសារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ បាន​បង្កើត​ឱកាស​សម្រាប់​យើង​គ្រប់គ្នា ដើម្បី​ធ្វើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ ដូច្នេះ យើង​គ្រប់ៗ​ត្រូវតែ​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព ឲ្យបាន​គង់វង្សត​រៀង​ទៅ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *