​ឯកឧត្តម ម៉ៅ ធនិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មការិនី​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​

​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក របស់​ក្មួយៗ​កម្មការិនី រោងចក្រ​កាត់ដេតៃ​អ៊ី​ហ្ស៉ី ដែល​រងគ្រោះថ្នាក់​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ​នោះ​, ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មការិនី​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ចំនួន​៥​នាក់​ផ្សេង​ទៀត​។​

​ក្មួយៗ​កម្មការិនី​ដែល​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២៩​នាក់ រួមទាំង​ជន​ចាស់ជរា និង​គ្រួសារ​ក្រីក្រ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំនួន​៥​នាក់​ផ្សេង​ទៀត ក្នុង​ម្នាក់ៗ ទទួលបាន​ទឹកដោះគោឆៅ​១២​កំប៉ុង ទឹកក្រូច​អាយស៏​កូឡា ១២​ដប សារុង​១ និង​ថវិកា​៥​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោកស្រី Karing Pediatrics ដែល​បាន​សហការ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ លើ​ជំងឺ​វះកាត់​មួយចំនួន ដូចជា​៖ វះកាត់​ក្លន វះកាត់​ដុំ​សាច់ វះកាត់​ថត​ទឹកប្រមាត់ ជំងឺពកក ដុំ​រន្ធ​គូថ វះកាត់​សុដន់ វះកាត់​ស្បូន​… ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​។​

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២០​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បង្ក​ដោយ​រថយន្ត​ម៉ាក ម៉ី​ត​ស៊ុយ​នី​ស៊ី (​ហ្វុយ​សូ​) ធុន​ធំ ព័ណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3656 ធ្វើ​ចរាចរណ៍​ក្នុង​ល្បឿន​លឿន ពី​កើត​ទៅ​លិច បាន​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ព័ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-9735 កំពុង​ដឹក​ក​ម្មការ​នី ចេញពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្ស៊ី ស្រុក​ក្រគរ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច បណ្តោល​ឲ្យ​រងរបួស​មនុស្ស ២៩​នាក់ (​កម្មការិនី​) ក្នុងនោះ​រង​បួស​ធ្ងន់​មនុស្ស ៨​នាក់​។ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ រី​ឯ​វត្ថុតាង​មាន​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​ប្រគល់​ជូន​ទៅ​ចរាចរណ៍​ផ្លូវគោក ខេត្ត​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *