ឆេះ​រោង​សិប្បកម្ម​អារឈើ​ក្នុង​វេលា​យប់​ឆ្លង​អាធ្រាត​បែរ​ជា​ម្ចាស់​មិនដឹង លុះ​ព្រឹក​ឡើង​ទើប​បង្ក​ភាព​ភ្ញាក់ផ្អើល​

(​ខេត្ត​កែប​)៖ រោង​សិប្បកម្ម​អារ​ឈើ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេច​គ្មាន​សល់ នៅ​រាត្រី​ឆ្លង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​ចំពោះ​ករណី​ឆាបឆេះ​រោង​សិប្បកម្ម​អារឈើ​ខាងលើ ពេល​កំពុង​កើតហេតុ​ម្ចាស់​សិប្បកម្ម​ដេក​លង់លក់​នៅផ្ទះ​មិនដឹង​អី​សោះ លុះ​ព្រឹក​ឡើង​ទើប​មាន​ការ​ភ្ញាក់ផ្អើយ​តែម្តង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ បានឱ្យដឹងថា ករណី​ឆាបឆេះ​រោង​សិប្បកម្ម​អារ​ឈើ​នេះ អាច​កើតឡើង​នៅពេល​យប់ ក្នុង​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង​២​ឆ្លង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ពេល​អគ្គីភ័យ​ឆាបឆេះ​ពេញ​បន្ទុក​រហូត​ឆេះ​ខ្ទេច​គ្មាន​សល់ ម្ចាស់​សិប្បកម្ម​អារឈើ​មិនដឹង​នោះ​ទេ លុះ​វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ ទើប​ម្ចាស់​បាន​ដឹង​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ម្ចាស់​សិប្បកម្ម​អារឈើ​ខាងលើ ឈ្មោះ ទី ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​ចំពោះ​ករណី​បង្ក​ឱ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ​រោង​សិប្បកម្ម​អារ​ឈើ​នេះ អាច​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ហើយ​សម្ភារៈ​ដែល​បាន​ក្លាយ​ជា​ចំណី​ព្រះ​អាគី​នោះ​រួមមាន​៖ ម៉ា​សុីន​រ៉ៃ​អារឈើ​១​គ្រឿង ឈើ​ប្រភេទ​ដើម​ត្រ​សេក​មួយ​គនរ​ធំ និង​ឆេះ​រោង​ម៉ា​សុីន​សិប្បកម្ម​មាន​ទំហំ ០៤×១៥​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​សង្ក​សី​។​

​ក្រោយពេល​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​បាញ់​ទឹក​ពន្លត់​ចំហាយភ្លើង​ដែល​នៅ​សេសសល់​ដើម្បី​បញ្ចៀស​ការ​រាលដាល​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *