​សម្តេច​ក្រឡាហោម ស ខេង ណែនាំ​ឱ្យ​ដាក់​ពលរដ្ឋ​មកពី​ថៃ នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ឱ្យ​ចុះ​ចាត់វិធានការ ដោយ​ដាក់​ពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់មក​ពី​ប្រទេស​ថៃ ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការចម្លង​មេ​រោគកូ​វីដ​១៩ (COVID-19)​។​

​ការណែនាំ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ បាន​សម្រុក​នាំគ្នា​ចាកចេញ​ពី​ប្រទេស​ថៃ ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​។​

​សារ​សម្លេង​ណែនាំ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្តា​ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ​នៅ​យប់​ថ្ងៃ​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ឥឡូវ​ខ្ញុំ​ស្នើ​អ៊ីចេះ​ខេត្ត​សា​ម៉ី​នីមួយៗ​ណែនាំ​ទៅ​មូលដ្ឋាន​ភូមិ​ឃុំ​ហ្នឹង ស្រុក​ហ្នឹង ឱ្យ​ផ្តល់​ព័ត៌មាន​។ បានន័យថា ប្រជាជន​ទើប​មកពី​ថៃ​ផ្តល់​ព័ត៌មាន​មក ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​បើ​សង្ស័យ​យ៉ាងម៉េច​ទុកឱ្យ​គាត់​នៅ​ដោយឡែក​សិន កុំ​ឱ្យ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​នៅក្នុង​ផ្ទះ​គាត់​ណុង​។ សូម្បី​តែ​គ្រួសារ​ក៏​កុំឱ្យ​ប៉ះ​ដែរ​។ ល្អ​មែនទែន​គាត់​មក​អ៊ីចឹង​មែន ឱ្យ​គាត់​នៅក្នុង​ផ្ទះ​គាត់​ណុង​១៤​ថ្ងៃ ហើយ​បើ​មានអី​សង្ស័យ​យក​កំហាក យក​អី​មក​ធ្វើតេស្ត​ធ្វើ​អី​»​។​

​សម្តេច​ណែនាំ​បន្តថា «​ណែនាំ​ពួកគាត់​នៅក្នុង​ផ្ទះ​មែន តែ​នៅ​ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ការពារ​ជំងឺ​រាតត្បាត​នេះ​។ បើ​មាន​សញ្ញា​អី​យកមក​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​»​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ បាននាំគ្នា​សម្រុក​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយ​មិន​ដឹង​ពី​មូលហេតុ​នោះឡើយ​។ តាម​ច្រកព្រំដែន​នៃ​ខេត្ត​ជាប់​ប្រទេស​ថៃ​ដូចជា​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ​ជាដើម ត្រូវបាន​គេ​រាយការណ៍​ថា មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​ពាន់​នាក់​បាន​នាំគ្នា​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។​

​ការ​ត្រឡប់មក​ស្រុក​យ៉ាងគំហុក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​នេះ នាំឱ្យ​មាន​ការព្រួយបារម្ភ​ខ្លាច​ពួកគេ​នាំ​មក​ទាំង​មេ​រោគកូ​វីដ មក​ជាមួយ ខណៈ​ការឆ្លង​មេ​រោគកូ​វីដ​១៩​នៅ​ប្រទេស​ថៃ​មាន​ការកើនឡើង​។ មក​ដល់​ត្រឹម​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ ប្រទេស​ថៃ មាន​អ្នក​ឆ្លង​មេ​រោគកូ​វីដ​១៩​រហូតដល់​ជិត ៦០០​នាក់​ហើយ​។ ការឆ្លង​នេះ មាន​អត្រា​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​នេះដែរ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង លោកស្រី ឱ វណ្ណឌី​ន បាន​ចេញ​មក​អំពាវនាវ​ផងដែរ ដល់​អ្នក​ត្រឡប់មក​ពី​ប្រទេស​ថៃ ត្រូវដាក់​ខ្លួនឯង​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដោយ​មិន​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​នោះ​ទេ​។ បន្ថែម​ពីលើ​នោះ ត្រូវ​អនុវត្តន៍​តាម​វិធាន​អនាម័យ​ទាំងឡាយ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ដើម្បី​បញ្ចៀស​ការចម្លង​មេ​រោគកូ​វីដ​១៩​។​

​លោកស្រី ឱ វណ្ណឌី​ន ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​ការចម្លង​មេរោគ​នេះ តាមរយៈ​ស្រង់​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ណែនាំ​ឱ្យ​ពួកគាត់​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ដាក់​ចេញ​នោះ​។​

​លោកស្រី​អ្នកនាំពាក្យ បាន​អំពាវនាវ​ទៅកាន់​អ្នក​ទើប​ត្រឡប់​មកពី​ថៃ ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន បើ​មាន​អ្វី​ខុស​ប្រក្រតី ឬ​មាន​រោគសញ្ញា​ណាមួយ​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​បង្ក​ដោយ​មេ​រោគកូ​វីដ​១៩ សូម​ប្រញាប់​ទាក់ទង​ទៅ​កាន់​ក្រុមគ្រូពេទ្យ ឬ​រាយការណ៍​តាម​លេខ​ទូរស័ព្ទ ១១៥​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចូលរួម​អនុវត្តន៍​វិធាន និង​ដំបូន្មាន​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការឆ្លង​រាលដាល​មេ​រោគកូ​វីដ​១៩​នៅក្នុង​សហគមន៍ ឬ​នៅក្នុង​ភូមិឋាន​ដែល​ខ្លួន​រស់នៅ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *