​ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​សាកល​កូវី​ដ​១៩ បាន​បង្ក​ផល​ប៉ះ​យ៉ាងច្រើន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។​

​ជាមួយនេះ ក្រោម​ការយកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​កំណត់​ឱ្យ​គ្រប់​សាខា អនុសាខា​កាកបាទ​ក្រហម​នៅ​ទូទាំង​ប្រទេស​ផ្តោត​ការគិតគូរ​ជា​និច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ទាំងនោះ និង​អន្តរាគមន៍​ជួយ​សម្រួល​ការលំបាក​ឱ្យបាន​ទាន់​ពេលវេលា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក្រោម​ការដឹកនាំ​របស់​លោក កែ​ន សត្ថា ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ជា​បន្ត​បន្ទាប់​តែងតែ​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​នៅ​រសៀល​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​នេះ លោក​បាន​ដឹកនាំ​មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា​ស្រុក​ដំណាក់​ចង្អើរ ក្រុមយុវជន និង​អ្នកស្មគ្រចិត្ត​កាកបាទ​ក្រហម នាំយក​អំណោយ​សង្គ្រោះ ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​១៧៨​គ្រួសារ​បន្ថែមទៀត នៅក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​១៧៨​គ្រួសារ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម សាប៊ូ ឃី​ត​មួយកញ្ចប់​(​មាន​ខោអាវ​)​និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែង​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​រើសអើង ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ក្រៅពីនោះ លោក​ក៏​បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ បើ​ទោះជា​ក្នុង​ប្រទេស​របស់​យើង​បាន​ព្យាបាល​ជា​សះស្បើយ​អស់​ទៅ​ហើយ​ក្តី តែ​ជំងឺ​នេះ​អាច​នឹង​ឆ្លង​ចូល​សហគមន៍​យើង​វិញ​គ្រប់ពេលវេលា បើសិនជា​យើង​ខ្វះ​ការប្រុងប្រយ័ត្ន​។ ដូច្នេះ​បងប្អូន​ត្រូវ​តែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩ ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុភាភិបាល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *