អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​រក​វិធានការ​ទប់ស្កាត់​ការរំលោភ​តំបន់ឆ្នេរ​ជាបន្ទាន់​

(​ខេត្ត​កំពត​)៖ បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ព្រៃកោងកាង និង​ចាក់ដី​លុប​មាត់​ឆ្នេរ ដៃ​សមុទ្រ ព្រែក​កំពត និង​ផ្លូវទឹក​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​និង​កំពុង​ដោះស្រាយ​និង​មាន​ចំណាត់ការ​ជា​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​កន្លង​មក​ក្តី ហើយ​ទោះបី​ក្នុង​ចំណោម​បញ្ហា​នោះ ភាគច្រើន​ទទួលលទ្ធផល​ជា​វិជ្ជមាន​ក្តី រដ្ឋបាល​ខេត្ត​នៅ​តែ​ជំរុញ​ឲ្យ អាជ្ញាធរ មន្ទីរជំនាញ និង​អ្នកពាក់ព័ន្ធ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ធ្វើយ៉ាងណា​កំណត់​ផែនទី ដែនដី​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ ដើម្បី​បញ្ចៀស ឬ​បញ្ឈប់​ការរំលោភ​ទៅ​ថ្ងៃក្រោយ​ទៀត​។

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នៅ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​ពិភាក្សា​រក​វិធានការ បង្ការ​ទប់ស្កាត់ ការរំលោភ​លើ​តំបន់ឆ្នេរ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ដែនដី​ខេត្ត​កំពត មាន​ប្រវែង ៦៦,៥​គីឡូម៉ែត្រ​។ តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​អ្នក​ផលិត​អំបិល និង​ប្រជា​នេសាទ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។​ហើយ​រយៈពេល​កន្លងមក​ដោយសារ​ការអភិវឌ្ឍ​ន៍ បង្ក​ឲ្យមាន​ករណី រំលោភបំពាន ដូច​ជា​ការកាប់​ព្រៃកោងកាង ការចាក់​ដី​លប់​តំនប់ឆ្នេរ ដៃ​សមុទ្រ ដី​ស្រែអំបិល មាត់​ព្រែក​កំពត និង​ផ្លូវទឹក​ផ្សេងៗ សរុប​ចំនួន​៤៦២​ករណី​។ ក្នុងនោះ​បា​រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​មួយ​ចំនួន​ធំ ខណៈ​ដែល​ករណី​រំលោភ​ថ្មី​ចេះតែ​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ដោយ​មើលឃើញ​ផលវិបាក​ទាំងនេះ រដ្ឋបាល​ខេត្ត​កំពត បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ បង្កើន​ការយកចិត្តទុកដាក់ រួមគ្នា​ដោះស្រាយ​បញ្ហា ចាត់វិធានការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​។​

​លោក​អិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​ជា​ផែនទី​មេ នៃ​ដែន​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ ក្រោយពេល​ធ្វើ​រួច បើ​មាន​ករណី​រំលោភ​ណាមួយ​កើតឡើង​ទៀត​នោះ រដ្ឋបាលខេត្ត នឹង​កសាង​សំនុំរឿង​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​តែម្តង​។

​ដោយឡែក​ចំពោះ ករណី​ទីតាំង​បូម​ខ្សាច់ លប់​ស្រែ​អ៊ូ សម្រាប់​ផលិត​អំបិល នៅ​មណ្ឌល​បឹង​ទូក ស្ថិតនៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ក្រុមការងារ បានសម្រេច ផ្អាក​រាល់​សកម្មភាព ហើយ​ត្រូវ កាយ​ដី​ចេញពី​ផ្លូវទឹក​ដែល​បាន​ចាក់​លុប និង​រុះរើ​តូប​កំសាន្ត​ចេញ​វិញ​។ ចំពោះ​ម្ចាស់​ដី​ត្រូវ​រងចាំ​ការសម្រេច​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា សិន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *