​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក លេង វី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​ជា​ប្រតិភូ​អមដំណើរ​មកពី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ព្រមទាំង​មន្ត្រី​ចំណុះ​រដ្ឋបាល​ខេត្ត​កែប​ទាំងមូល​។​

​យោងតាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ប្រកាស​តែងតាំង លោក ភូ លិ អតីត​អភិបាលរង​ខេត្ត​កំពត ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ខណៈ លោក អុឹង ឆាយ ត្រូវបាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន និង​ត្រូវ​ផ្ទេរ​ទៅ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត​វិញ​។​

​ថ្លែង​ក្នុង​ពី​ធី​ប្រកាស​ចូល​កាន់​តំណែង​នេះ លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវតែ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​ល្អ និ​ត្រូវ​គិតគូរ​ពី​បញ្ហា​មួយចំនួន​ដូចជា​៖​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ឲ្យបាន​ល្អ​តាម​រយៈ​កា​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល​។
​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រាល់​ជម្លោះ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​និង​ច្បាស់លាស់ និង​ដោយ​សន្តិវិធី ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​បញ្ហា​គ្រឿងញៀន​ខុសច្បាប់ ពិស​សត្រូវ​ជំរុញ​ការរៀបចំ​និង​តាមដាន​ការអនុវត្តន៍​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ និង​ផែនការ​សកម្មភាព​របស់​ឃុំ​សង្កាត់ ក្រុង ស្រុក និង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ​។​

​ជា​ចុងក្រោយ លោក លេង វី បាន​សំណូមពរ​ដល់​គណៈ​អភិបាលខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ផ្តល់​នូវ​ការគាំទ្រ និង​មាន​កិច្ចសហការ​ល្អ​ជាមួយ​គ្នា ដើម្បី​ដឹកនាំ និង​កសាង​ខេត្ត​កែប ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *