អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​កំពង់ចាម បាន​អញ្ជើញ ប្រគល់​ថវិកា​គោលនយោបាយ ជូន​ប្រជា​ពលរដ្ធ​ចំនួន​០៥ គ្រួសារ សង​ផលប៉ះពាល់​ផ្ទះ និង​ដី ដើម្បី​អាជ្ញាធរ​យក​ទីតាំង សាងសង់​ស្ពានបេតុង មួយកន្លែង ក្នុង​ស្រុក​ស្ទឹងត្រង់​

(​កំពង់ចាម​) ÷​ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ប្រគល់​ថវិកា​គោលនយោបាយ ជូន​ប្រជាពលរដ្ឋ ០៥​គ្រួសារ សង​ផលប៉ះពាល់​ផ្ទះ និង​ដី ដើម្បី​អាជ្ញាធរ​យក​ទីតាំង សាងសង់​ផ្លូវ និង​ស្ពានបេតុង ១​កន្លែង ស្ថិត​នៅ​ព្រែក​អាចារ្យ​សួន ក្នុង​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល នៃ​ការវាយតម្លៃ របស់​ការងារ​ក្រុមបច្ចេកទេស ក៏ដូចជា អាជ្ញាធរ​ឃុំ​ពាម​កោះ​ស្នា ទៅ​លើ​ការសាងសង់​ផ្លូវ និង​ស្ពានបេតុង ១​កន្លែង ស្ថិត​នៅលើ​ទីតាំង​ខាងលើ បានឲ្យដឹងថា មាន​ប្រជាពលរដ្ឋ រស់​នៅ​សងខាង​ស្ពាន ចំនួន ០៥​គ្រួសារ ដែល​បាន​ទទួលរង​ផលប៉ះពាល់​លំនៅដ្ឋាន ។ ដោយ​ពិនិត្យឃើញ​ស្ថានភាព​លំបាក ក៏ដូចជា ផ្អែក​តាម​គោលនយោបាយ ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ក្រុមការងារ ក៏​បាន​ផ្ដល់ជូន​នូវ​សំណង​ខាងលើ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ផ្ដល់​ជាង​ចំណងដៃ នូវ​ស្ពានបេតុង ១​កន្លែង មាន​ទំហំ​បណ្ដោយ​ប្រវែង ៩០​ម៉ែត្រ គុណ​និង​ទទឹង ៩,៦០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ភូមិ​ទួល​រកា ឆ្ពោះទៅ​ភូមិ​ដី​លើ នៃ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *