ឯកឧត្តម អ៊ុន ចាន់​ដា ចុះ​ពិនិត្យ បញ្ហា​វិវាទ​ដី តំបន់​មេទឹក​ក្នុងស្រុក​បាធាយ និង​កំណត់​នីតិវិធី​ឈ្នះ​ឈ្នះ​ដើម្បី​ដោះស្រាយ​

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​តំបន់​មានទំនាស់ នៃ​តំបន់​មេទឹក ស្ថិតនៅក្នុង​ភូមិ ព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ដើម្បី ដោះស្រាយ​បញ្ហា​វិវាទ​ជូន​ប្រជាពលរដ្ឋ​តាម​គោល នយោបាយ ឈ្នះ ឈ្នះ របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក ផេន សុផល អភិបាលស្រុក​បាធាយ​បានឲ្យដឹងថា តំបន់​មេទឹក​ស្ថិតនៅ​ក្នុង​ភូមិព​ពិត ឃុំ​តាំង​ក្រាំង​នេះ ជា​តំបន់​ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​យូរហើយ ដោយសារ មាន​ការទន្ទ្រាន​ប៉ះពាល់​លើ​ផ្ទៃ​ដី​របស់​រដ្ឋ ។ លោក ផេន សុផល បានឲ្យដឹង​ទៀតថា តំបន់​មេទឹក​នេះ​គឺ​ជា​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​ទទួល​ផលប្រយោជន៍​ច្រើន ពី​ការបង្កបង្កើន​ផល​ដាំ​ដំណាំ​ស្រូវ ។​

​ក្នុង​ការចុះពិនិត្យ​របស់​អាជ្ញាធរខេត្ត រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​បាធាយ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​រៀបចំ​នីតិវិធី​ដោះស្រាយ​តាម​បែប​វិធី​ឈ្នះ​ឈ្នះ ដើម្បី​ជា​ប្រយោជន៍​ទាំងសងខាង ពោល​គឺ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ការរក្សា​ផ្ទៃ​ដី​របស់​រដ្ឋ​សម្រាប់​ជា​ទីកន្លែង រក្សា​ប្រភពទឹក​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ផលដំណាំ​នៅក្នុង​តំបន់​នេះ​ផង​ដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *