ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ក្រុមគ្រូពេទ្យ និង​មន្ត្រី​កិច្ចសន្យា នៅ​សាលាខេត្ត​ព្រះសីហនុ

​រសៀល​ថ្ងៃ​ចន្ទ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ក្រុមគ្រូពេទ្យ និង​មន្ត្រី​កិច្ចសន្យា នៅ​សាលាខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​កងកម្លាំងប្រដាប់អាវុធ ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​បានល្អ ព្រោះ​តួនាទី​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ខុស​ប្លែក​ពី​មន្ត្រីរាជការ​ស៊ីវិល​ដ៍ទៃទៀត​នៅ​ពេល​រដូវ​បុណ្យទាន​ពួកគាត់​បាន​ឈប់សម្រាក់​ជួបជុំ​ក្រម​គ្រួសារ ដោយឡែក​កងកម្លាំងរ​បស់​យើង​និង​ក្រុមគ្រូពេទ្យ​ជា​អ្នក​ត្រៀមលក្ខណៈ​ជួយ​ការពារ​សន្តិសុខ និង​ជួយ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ដោយ​បែងចែក​វេន​ប្រចាំការ ។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា យើង​ត្រូវ​បង្កលក្ខណៈ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​របស់​យើង ព្រោះ​ខេត្ត​របស់​យើង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែលមាន​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​យ៉ាង​មមាញឹក ដូច្នេះ​កងកម្លាំង​របស់​យើង​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដោយ​ការទទួលខុសត្រូវ​អនុវត្ត​តាម​តួនាទី​ឱ្យបាន​ខ្ជាប់ខ្ជួន កាលណា​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ខេត្ត​យើង​ច្រើន​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​យើង​ក៏​កាន់តែ​ល្អប្រសើរ ។​

​ឯកឧត្តម គួច ចំរើន ក៏​បាន​ធ្វើ​ការស្នើសុំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ក៏​ដូច​ជា​មន្ត្រី​សុខាភិបាល ពិសេស​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ ៖
​ទី​១.​ត្រូវ​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង កូវី​ដ​-១៩ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ។​
​ទី​២.​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​លេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ សូម​ចូលរួម​ទុក ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ រដ្ឋបាលខេត្ត​- ក្រុង​បាន​ពង្រាយ​ធុងសំរាម​នៅតាម​តំបន់ ឆ្នេរ និង​ទីប្រជុំជន ហើយ​ការងារ​នេះ​ជា​ការងារ​សង្គម​របស់​យើងទាំងអស់គ្នា ។​
​ទី​៣.​ប្រសិនបើ​មាន​ចំណុច​អស​កម្មណា មួយ​កើតឡើង​សូម​ទំនាក់ទំនង​ទៅ​កង កម្លាំង​របស់ យើង​ដែល​ពង្រាយ​នៅ​តាម​ចំណុច​គោលដៅ​ដើម្បី​ចាត់ចែង​ដោះស្រាយបាន​ទាន់ពេលវេលា​ដូចជា​មាន​ករណី​មាន​ការគំរាមកំហែង​សន្តិសុខ លួច ឆក់​ជា​ដើម ។
​ទី​៤. ការគោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តល់​ថវិកា​ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​មន្ត្រី​សុខាភិបាល​សរុប​ចំនួន ២,៣០៦​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *