រដ្ធមន្ដ្រី​កសិកម្ម ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការផ្អាក​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដើម្បី​លើកស្ទួយ​ការចិញ្ចឹម​ក្នុងស្រុក​

(​ភ្នំពេញ​)៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមា ញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការផ្អាក​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដើម្បី​លើកស្ទួយ​ការចិញ្ចឹម​ត្រី​ក្នុងស្រុក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា ថ្មីៗ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សង្កេតឃើញថា មាន​ក្រុម​អាជីវករ​នាំចេញ នាំចូល​ផល​ផលិតផល​ជលផល​មួយចំនួន​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំ​ចូល​ផលិតផល​ជលផល​ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នា​ពេលកន្លងមក​។

​ដូចនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នៅ ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​មាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀង​គ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូច​ខាងក្រោម​៖

​ទី​១-​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល ផលិតផល​វារីវប្បកម្ម​ដែល​ត្រូវ​ដល់​ពេល​ប្រមូល​ផល​នៅ តាម​ខែ​នី​មួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត បាន​ក្នុង​ស្រុក​ទាំង​នោះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​ទី​២-​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើ​សុំ​នាំចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយចំនួន​ទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

​ទី​៣-​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​ឯកភាព​ក្នុង​ការបង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នក​ប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។​

​ទី​៤-​ចំពោះ​ការនាំ​ឆ្លងកាត់​ផល ផលិតផល​ជលផល តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ធានា​ថា​នឹង​មាន​ការចុះបញ្ជី​ទទួល​ស្គាល់​នៅ​ដើមទី​និង​ចុង​ទី​ពី​មន្ត្រីជលផល​មាន​សមត្ថកិច្ច និង​ធានា​ថា​មិន​មាន​ការទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​រី​វ​ប្បករ អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​ទាំងអស់​សាធារណជន ក៏ដូចជា​បណ្តាញសារព័ត៌មាន​នានា មេត្តា​ជ្រាប ព្រមទាំង​ផ្តល់​កិច្ចសហការ ជាមួយ ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការបំពេញ​ភារកិច្ច​នេះ​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ ចូលរួម​ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *