​អភិបាល​រាជធានី​ភ្នំពេញ សម្រេច​មិនឲ្យ​កាប់​ដើមឈើ​ធំ​៣​ដើម មាន​អាយុ​ជាង​៣០០​ឆ្នាំ ចេញពី​សួន​ផ្លូវភ្លោះ​ពេទ្យ​អង្គ​ដួង​នោះទេ​

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ទីតាំង​ដើមឈើ​ធំៗ​ចំនួន​៣​ដើម ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ ដោយ​សម្រេច​មិន​កាប់​ចេញ​នោះទេ ព្រោះថា​ដើមឈើ​ទាំងនេះ​អាច​នៅ​បន្ត​ឈរ​ទៀត​បាន​។​

​ការបញ្ជាក់​បែប​នេះ​របស់​អភិបាល​រាជធា​នី​ភ្នំពេញ បាន​ធ្វើឡើង​ក្រោយ​មាន​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា អាជ្ញាធរ​នឹង​កាប់​ដើមឈើ​ធំៗ​ចំនួន​៣​ដើម ដែល​មាន​អាយុកាល​ជាល​៣០០​ឆ្នាំ នៅ​សួន​ផ្លូវភ្លោះ​ពេទ្យ​អង្គ​ដួង ក្បែរ​អគារ​វឌ្ឍនៈ ដោយសារ​មូលហេតុ​ដើមឈើ​ទាំង​៣​ដើម​នេះ វា​ពុក​ផ្នែក​ខាងក្នុង ដែល​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ជាដើម​។​

​ការបញ្ជាក់​យ៉ាងច្បាស់​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដើមឈើ​ទាំង​បី​ដើម​ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ដំណើរ នៃ​ការចុះពិនិត្យ​ដើមឈើ​នេះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដើមឈើ​ទាំង ៣​ដើម​នេះ មិន​ត្រូវ​បាន​កាប់​ចេញ​នោះទេ ដោយសារ​វា​អាច​នៅ​បន្ត​ឈរ​ទៀត​បាន​។ តែ​លោក​បាន​បញ្ជា​ឱ្យ​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​គ្នា​មើល​ថែ ដោយ​ធ្វើបាន​ត្រឹមតែ​លះ​មែក ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ​បាន ចំណែក​ដើមឈើ​ទាំងមូល​ត្រូវ​ធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំអោយ​រំលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​»​។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា សម្រាប់​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​គ្មាន​ការកាប់​ដើមឈើ​ណាមួយ​យកចេញ​នោះទេ ប៉ុន្តែ​អាជ្ញាធរ​មាន​តែ​ដាំ​ដើមឈើ​ថ្មី​បន្ថែម ដើម្បី​ឱ្យ​ទីក្រុង​ភ្នំពេញ ក្លាយជា​ទីក្រុង​មាន​ពណ៌​បៃតង និង​មាន​បរិស្ថាន​ល្អ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង កាលពី​ថ្ងៃ​០៨ មករា​កន្លងមក​នេះ​ហើយ​ថា ដើមឈើ​ធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គ​ឌួង មាន​ចំនួន​ប្រមាណ​៥០​ដើម ហើយ​ក្នុង​ចំនួន​ដើមឈើ​ធំៗ​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​យកចេញ និង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ ដោយសារ​តែ​ដើមឈើ ចំនួន​៣​ដើម​នេះ ពុក​គល់ ប្រហោង​ក្នុង ដើម្បី​កុំឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​។​

​តែ​មកដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​លោក ឃួ​ង ស្រេង ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដើមឈើ​ទាំង​បី​ដើម​នេះ ជាក់ស្តែង​លោក​បាន​សម្រេច​ជា​ថ្មី​ថា មិនឱ្យ​កាប់​យក​ចេញ ចំពោះ​ដើមឈើ​ទាំង​បី​ដើម​នេះ​ជាដាច់ខាត មានតែ​ការដាំ​ថ្មី​បន្ថែម​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *