រាជធានីបាងកក៖ វាជារឿងគួរឱ្យអស់សំណើច និងហួសចិត្ត ដែលកាសែតថៃខាវសដចុះផ្សាយអត្ថបទព័ត៌មានបំភ្លៃមួយលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី៦ ខែសីហានេះ មានខ្លឹមសារ «បុរសម្នាក់ដែលគេជឿថា ជាទាហានខ្មែរមកពីអង្គភាព BHQ ត្រូវបានចាប់ខ្លួនពីបទចារកម្ម»។ ថៃសង្ស័យថា បុរសរូបនេះបង្កប់ខ្លួនដើម្បីបញ្ជូនព័ត៌មានចារកម្មអំពីចលនាយោធាថៃទៅកម្ពុជា។ យ៉ាងណា បើតាមប្រភពពីក្រសួងការពារជាតិកម្ពុជា ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដើម្បីបំពុលប៉ុណ្ណោះ…។
បើតាមការលើកឡើងដោយកាសែតខាវសដ នៅថ្ងៃទី៦ ខែសីហានេះ ប៉ុស្តិ៍នគរបាលរំដួល (ลำดวน) ស្រុកក្រសាំង (กระสัง) នៃខេត្តបុរីរម្យ បានបង្ហោះសារថា៖«ទាហានខ្មែរមកពីអង្គភាព BHQ ត្រូវបានចាប់ខ្លួន ព្រោះសង្ស័យបង្កប់ខ្លួននៅថៃ ដើម្បីបញ្ជូនព័ត៌មានអំពីចលនាយោធាថៃទៅកម្ពុជា»។ នៅក្នុងការបង្ហោះនោះរួមមាន៖ រូបថតបុរសម្នាក់ និងឯកសណ្ឋានយោធា អាវកាក់ និងមួក ដែលមានផ្លាកសញ្ញា BHQ។ បុរសរូបនោះ ត្រូវបានគេយកទៅសាកសួរព័ត៌មាន ខណៈព័ត៌មានលម្អិតយ៉ាងណានោះមិនត្រូវបានបង្ហាញជាសាធារណៈទេ ដ្បិតការស៊ើបអង្កេតកំពុងបន្ត ហើយពួកគេកំពុងរង់ចាំមេបញ្ជាការ និងភ្នាក់ងារសន្តិសុខ ត្រួតពិនិត្យករណីនេះបន្ថែម។
ទោះជាយ៉ាងណា បើតាមប្រភពពីមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានបញ្ជាក់ប្រាប់ SBM News នៅព្រឹកថ្ងៃពុធទី០៦សីហានេះ បានឱ្យដឹងថា ព័ត៌មានចេញផ្សាយដោយកាសែតថៃខាងលើ គឺជាព័ត៌មានក្លែងក្លាយ បង្កើតឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។ ក្លែងក្លាយនៅត្រង់ថា មិនដែលមានចារកម្មប្រទេសណាយកទាំងឯកសណ្ឋានយោធាទៅជាប់ខ្លួន ពេលកំពុងបំពេញបេសកកម្មនោះឡើយ។ គួរជម្រាបជូនថា ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ឃើញថា សារព័ត៌មានថៃខាវសដភាសាអង់គ្លេស ផ្សព្វផ្សាយខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន និងច្រើនបំភ្លៃការពិត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ក្លិបអ្នកកាសែតកម្ពុជា បានរៀបរាប់ថា ខ្លួនបានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននិងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះ មិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ នាំទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ៕