សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត សៃ​ស៊ុម​ផន ភូមិ​វិហា​ន (Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បន្ទាប់​ពី​ឯកឧត្តម​បាន​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នេះ​ថា ឯកឧត្តម សៃ​ស៊ុម​ផន ភូមិ​វិហា​ន បាន​គោរព​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា និង​អបអរ​ចំពោះ​ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ទទួលបាន​ជោគជ័យ ជាពិសេស​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​អាយ​ប៉ា ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​ឯកឧត្តម​បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​អាយ​ប៉ា​លើក​ទី​៤៣ ដែល​បាន​សម្រេច​ជំរុញ​ឱ្យ​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ជាមួយគ្នា​នោះ ឯកឧត្តម ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដែល​មាន​ការរីកចម្រើន​ជា​លំដាប់ ហើយក៏​បាន​គោរព​ថ្លែងអំណរគុណ​ក្នុងនាម​បក្ស និង​ក្នុងនាម​រដ្ឋ ជូន​សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ថវិកា ជា​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​រថយន្ត​ដឹក​វ៉ាក់សាំង ជួយ​ដល់​ប្រទេស​ឡាវ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ជោគជ័យ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុ ន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម សៃ​ស៊ុម​ផន ភូមិ​វិហា​ន ដែល​បាន​មក​ចូលរួម​កិច្ចប្រជុំ​អាយ​ប៉ា ដោយផ្ទាល់ នៅ​កម្ពុជា ដែល​ការចូលរួម​នេះ​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ និង​ធ្វើឱ្យ​កិច្ចប្រជុំ​អាយ​ប៉ា ទទួលបាន​នូវ​ភាពជោគជ័យ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជម្រាប​ដល់​ប្រធានរដ្ឋសភា​ឡាវ អំពី​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​កម្ពុជា​បាន​ដាក់ចេញ ក្នុង​ការអនុវត្ត​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​រហូតមក​ដល់ពេលនេះ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *