រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន និង​ដាំ​កូនឈើ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​ការទាក់ទាញ​

​ខេត្ដ​បន្ទាយមានជ័យ​៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ យុវជន​ក្រុង​សង្កាត់ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព កងកម្លាំង​មន្ត្រីរាជការ សិស្សានុសិស្ស​ចូល​ប្រមាណ​៥០០​នាក់ រួមគ្នា​ធ្វើ​អនាម័យ បរិស្ថាន ដាំ​កូន​ឈើ តាម​ដងផ្លូវ និង​រង្វង់​មូល រហូត​ដល់​ភ្លើងស្តុប​ផ្សារកណ្តាល គោលបំណង​លើក​កម្ពស់​សោភ័ណភាព និង​ការទាក់ទាញ ខណៈ​ក្រុង​ប៉ោយ​ប៉ែត មាន​ភ្ញៀវ​ទេសច​រទាំង​ជាតិ និង​អន្តរជាតិ ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖ ការសំអាត​អនាម័យ​បរិស្ថាន រើស​សំរាម ដាំ​កូន​ឈើ និង​ការផ្សព្វផ្សាយ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​បរិស្ថាន និង​អនាម័យ តាមរយៈ​ការធ្វើ​អនាម័យ​បរិស្ថាន​រួមគ្នា ផ្សព្វផ្សាយ អប់រំ​ដល់​សាធារណជន​ទូទៅ​នូវ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូរ​អំពី​ការសំអាត​អនាម័យ​បរិស្ថាន ដូច​ជា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចោល​សំរាម​ឱ្យចំ​ធុងសំរាម ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​ទៅលើ​អនាម័យ​បរិស្ថាន ដី​ស្អាត ខ្យល់​ស្អាត និង​ទឹក​ស្អាត សំដៅ​បំបាត់​ឱ្យខាងតែបាន​នូវ​ភាពកខ្វក់ សំរាម និង​កាក​សំណល់​ផ្សេងៗ ដើម្បី​កែលម្អ​គុណភាព​បរិស្ថាន​ក្រុង​ឲ្យមាន​សោភ័ណភាព មាន​ផា​សុកភាព​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក យឹម សំណាង អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន ក៏​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ដែល​លើកឡើង​អំពី​ភូមិ​ឃុំ​សង្កាត់ ត្រូវតែ​«​មាន​អនាម័យ​ល្អ សោភ័ណភាព និង​បរិស្ថាន​ល្អ​» ដែល​សំដៅលើ​ការ​មាន​វិធានការ​ក្នុង​ការគ្រប់គ្រង ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន អនាម័យ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​យន្តការ​ដោះស្រាយ​សំរាម ធ្វើឱ្យ​មាន​សោភ័ណភាព និង​ផាសុកភាព​។

​លោក​អភិបាលរង​ខេត្ត បញ្ជាក់ថា រដ្ឋបាល​ក្រុង​បាន​កំពុង​ខិតខំ​រៀបចំ​ឱ្យមាន​ការបញ្ជ្រាប​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ គោលការណ៍ និង​វិធានការ​នានា​ស្តីពី​ការ​ថែរក្សា​បរិស្ថាន រួម​ទាំង​វិធីសាស្ត្រ នៃ​ការរក្សា​សុខភាព អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​កន្លែង​រស់នៅ​រៀងខ្លួន​ឲ្យបាន​ល្អ វិច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​៕RT

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *