សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់នូវអនុសាសន៍ចំនួន៥ ជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់នូវអនុសាសន៍ចំនួន៥ ជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន

នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ ខួបទី៣១ ទិវាសេរីភាពសារព័ត៍មានពិភពលោក ក្រោមប្រធានបទ ” សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន “។

សូមបញ្ជាក់ជូនថា តាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួន៥ ជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឆ្លើយតបនឹងការវិវត្តន សង្គមជាតិ៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។

ទី២. បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយ ដែលនៅជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំ ស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្ដាញសង្គម។ និងទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ។

តាមរយៈសារលិខិតដដែលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អ្នកសារព័ត៌មាន ដូចខាងក្រោម៖

ទី១. បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី២. ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ទី៣. ផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ទី៤. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ។

និងទី៥. បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយកតរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *