សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​វិមានឯករាជ្យ សួន​សម្ដេច​ក្រឡាហោម និង​ផ្សារ​រាត្រី នៅ​ក្រុង​បាត់ដំបង​

(​បាត់ដំបង​) ៖​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​វិមានឯករាជ្យ សួន​សម្ដេច​ក្រឡាហោម​វិមានឯករាជ្យ និង​ផ្សារ​រាត្រី ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា​, ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាត់ដំបង​, ក្រុមប្រឹក្សា​ខេត្ត​-​អភិបាលខេត្ត​បាត់ដំបង​, មន្ដ្រីរាជការ​-​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មាន​ការយកចិត្តទុកដាក់​ចង្អុល​ដឹកនាំ​ជា​ប្រចាំ​របស់ សម្ដេច​ក្រឡាហោម ស ខេង ខេត្ត​បាត់ដំបង មាន​ឱកាស​ដ៏​ប្រពៃ​ពី​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ​តាមរយៈ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាន​ទទួល​នូវ​សមិទ្ធផល​ធំៗ​រួម​នឹង​ការវិនិយោគ​ជាច្រើន ជាក់ស្តែង​ខេត្ត​បាន​រៀបចំ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​អាទិភាព​រួម​មាន​ការកសាង និង​ជួសជុល ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និង​សំអាត​អនាម័យ​បរិស្ថាន កែលម្អ​សោភណភាព​ក្រុង ព្រមទាំង រៀបចំ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​នៅ​ទូទាំង​ខេត្ត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ជូន​អង្គពិធី​បន្ថែមថា ខេត្ត​បាត់ដំបង មាន​ប្រជាជន​សរុប​ចំនួន ១.៣៦៤.៨៧៣​នាក់ ស្រី ៦៨៦.៣៣២​នាក់ ស្មើនឹង ២៩៣៧១០​គ្រួសារ កំណើន​ប្រជាជន​ប្រចាំឆ្នាំ ២,១៦% ដង់ស៊ីតេ​ជា​មធ្យម ១១៦​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​។ លើសពីនេះ​ទៀត ឯកឧត្តម បន្តថា គម្រោង​សាងសង់​វិមាន​ឯករាជ្យ​នេះ មាន​ផ្ទៃដី​សរុប​ចំនួន ៩៦២​ម៉ែត្រ មាន​ខឿន​ទម្រ​បាត​ក្រោម​ដែល​មាន​អង្កត់​ផ្ចិត ៣៥​ម៉ែត្រ និង​កម្ពស់ ២២,២៣​ម៉ែត្រ មាន​អាង​បាញ់​ទឹក​៤ មាន​កម្ពស់ ០,៨​ម៉ែត្រ អម​ជុំវិញ​វិមានឯករាជ្យ​។ សម្រាប់​គម្រោង​សួន​សម្ដេច​ក្រឡាហោម​វិមានឯករាជ្យ ធ្វើ​នៅ​លើ​ផ្ទៃដី​ប្រមាណ ១៣.៦០០​ម៉ែត្រ ចែកជា ៥​តំបន់ ផ្សេងៗ​ពីគ្នា មានដូចជា ទី​១-​តំបន់​នាគ​បាញ់​ទឹក តំបន់​រីករាយ (​កន្លែង​ថតរូប​), ទី​២-​តំបន់​សន្តិភាព​ស្ងប់ស្ងាត់ និង​សុខសាន្ត​, ទី​៣-​តំបន់​រំលឹក​ប្រវត្តិសាស្ត្រ​, ទី​៤-​តំបន់​នាគ​សន្តិភាព ឬ​តំបន់​រំលឹក​គុណ​សន្តិភាព និង​ទី​៥- តំបន់​រង់ចាំ​។ ដោយឡែក គម្រោង​ផ្សារ​រាត្រី​ក្រុង​បាត់ដំបង សាងសង់​ឡើង​នៅលើ​ផ្ទៃដី​ប្រមាណ ២.៤២៥​ម៉ែត្រការ៉េ មាន​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត ពី​ទីតាំង​វិមានឯករាជ្យ​។ ផ្សារ​រាត្រី​នេះ មាន​ទ្វារ​ចេញចូល​ចំនួន​៣ ទ្វារ​ធំ​មួយ និង​ទ្វារ​តូច​ពីរ ព្រមទាំង​មាន​សួនផ្កា​នៅ​ចំ​កណ្តាល ដែល​មាន​ផ្លូវ​ដើរ​ទៅ​មក ព្រមទាំង​មាន​កន្លែង​អង្គុយ​សម្រាប់​ញ៉ាំ​អាហារ​ផងដែរ​។​

​ឯកឧត្តម បាន​បញ្ជាក់​ជូន​បន្ថែម​ទៀតថា គម្រោង​ទាំង​៣​ខាងលើ គឺ​គ្រោង​សាងសង់​រយៈពេល ៦​ខែ​កន្លះ បន្ទាប់​ពី​ការបញ្ចុះ​បឋមសិលា​សាង​សង់​ជា​ផ្លូវការ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​ទៅ នឹង​គ្រោង​បញ្ចប់ នា​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ឆ្នាំ​២០២៣ ខាងមុខ​។​

​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក និង​បរទេស ពិសេស​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត នឹង​មាន​កន្លែង​កំសាន្ត​ក្នុង​ពិធីបុណ្យ ឬ​កម្មវិធី​ផ្សេងៗ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត រួម​ទាំង​ការ​ហាត់ប្រាណ និង​កំសាន្ត​ប្រចាំថ្ងៃ​ក្នុង​ក្រុង​បាត់ដំបង​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង សង្កាត់ ព្រម​ជាមួយ​ក្រុម​ការងា​រ​គ្រប់​ថ្នាក់​ដែល​បាន​រួម​សាមគ្គី​ជាមួយ​កម្លាំង​គាំទ្រ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព រួម​គ្នា​អភិវឌ្ឍន៍​ខេត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដំណាក់កាល​ជំងឺ​កូវី​ដ​-១៩ និង​បាន​បន្ថែម​ដោយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​ប្រជាកសិករ រួម​ទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​។ ទន្ទឹមនេះ សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ត​ថា កម្ពុជា​នៅ​តែ​រក្សា​បាន​សុខសន្តិភាព ហើយ​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជា​ទៀងទាត់ ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​សរុប​ទាំង​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​នេះ​ទៀត មាន​១២​ដង​រួច​ទៅ​ហើយ ដោយ​មិន​គិត​ពី​ការបោះឆ្នោត​អសកល​ផង​។ ជាមួយគ្នានេះ សម្ដេច​ក្រឡ​ហោម បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ឱ្យ​យកចិត្តទុកដាក់​អនុវត្ត និង​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការរក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​សារណៈ និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ សម្ដេច​បាន​ជំរុញ​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាម​សហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះ​រាប់​ទាំង​នៅ​តាម​សាលារៀន​ផងដែរ​។​

​ក្នុង​ពិធី​នេះដែរ សម្ដេច​ក្រឡាហោម បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ដែល​សម្ដេច​បាន​ជំរុញ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​បង្ការ និង​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ បរបាញ់​សត្វ និង​ការនេសាទ​ខុសច្បាប់​ដែល​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆា​ជាតិ នៅ​តំបន់​ជាប់​បឹង​ទន្លេសាប ដូចជា លើ​ការងារ​គ្រប់គ្រង​សំរាម និង​ការ​លើ​កម្ពស់​បរិស្ថាន ពិសេស​បង្កើន​ភាព​បៃតង​នៅតាម​ទីសាធារណៈ ដែល​សម្តេច​ក្រឡាហោម បាន​ចាត់ទុកថា ខេត្ត​បាត់ដំបង ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *