សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១

នៅ​ព្រឹក ថ្ងៃ​ចន្ទ ៤​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​នឹង ឯកឧត្ដម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ លើ​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង​ជាង​៩៥ គីឡូម៉ែត្រ​។​

​តាម​ការ​ឲ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានអោយដឹងថា

​គម្រោង​សាងសង់ លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង​សរុប ៩៥,២៧​គីឡូម៉ែត្រ ចាប់ពី​ថ្នល់ទទឹង ត្រង់​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៤ ខេត្ត​កណ្តាល ទៅដល់​ស្រុក​ជុំ​គី​រី ត្រង់​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៣ ខេត្ត​កំពត នឹង​ត្រូវ​សាងសង់​លើ​ក​កម្រិត​គុណភាព​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ១២​ម៉ែត្រ ទៅតាម​តាម​ស្តង់ដារ​កម្រិត​២​។​គម្រោង​នេះ នឹង​សាងសង់​បន្ថែម​សំណង់​សិល្ប​ការ្យ​រួមមាន ពង្រីក​ស្ពាន​ចាស់ ០១​កន្លែង ប្រវែង​សរុប ២០០​ម៉ែត្រ ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ៣១៥​កន្លែង បំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​ចំនួន​០៨​កន្លែង រួម​ទាំង​បំពាក់​ផ្លាកសញ្ញា គំនូស​សញ្ញា បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។​

​គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន CRBC និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន​៤០​ខែ និង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ឆ្នាំ​២០២៦ ដោយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ៦៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤១ នៅថ្ងៃនេះ ដែល​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ដែល​បាន​ផ្តល់​ឥណទាន​សម្រាប់​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤១​នេះ​។

​សម្តេច​តេជោ​បន្តថា គោល​នយោបាយ​កម្ពុជា​ពី​មុន គឺ​យើង​មាន​លុយ​តិច​ធ្វើ​ផ្លូវ​ឱ្យបាន​វែង តែ​បច្ចុប្បន្ន​នេះ គឺ​យើង​ត្រូវ​សាងសង់​ផ្លូវ​ផ្តោត​លើ​គុណភាព និង​សោភ័ណភាព គឺ​ធ្វើ​ផ្លូវ​ឱ្យ​បាន​រឹងមាំ និង​ស្រស់ស្អាត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា ផ្លូវជាតិ​លេខ​៤១​នេះ ពីមុន​ជា​តម្រាយ​ផ្លូវ ដែល​ត្រូវបាន​ប្រើប្រាស់​តាំងពី​សម័យ​ព្រះបាទ​អង្គឌួង​មក​ម្លេះ ពោល​គឺ​ក្នុង​សតវត្សរ៍​ទី​១៩ ក្នុងការ​ត​ភ្ជាប់​ពី​រាជធានី​នៅ​ឧត្តុង្គ ទៅ​កាន់​តំបន់​សមុទ្រ​នៃ​ខេត្ត​កំពត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា មកដល់ពេលនេះ មិត្ត​ចិន​បាន​ជួយ​សាងសង់​ផ្លូវ​ដល់​ប្រទេស​កម្ពុជា​យើង​ចំនួន ៣០​ខ្សែ ដែល​ស្មើនឹ​ប្រវែង​ជាង ៣​ពាន់​គីឡូម៉ែត្រ ដោយ​ចំណាយ​ចំណាយ​ថវិកា ជិត​២​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​មាន​ផ្លូវ​កំពុង​សាងសង់​ជា​ច្រើន​ខ្សែ​ទៀត តម្លៃ​ប្រមាណ​៥០០​លាន​ដុល្លារ ហើយ ចំពោះ​ស្ពាន​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ដែល​មិត្ត​ចិន​បាន​សាងសង់ និង​កំពុង​សាងសង់​មាន​ចំនួន​៩​ខ្សែ​ផងដែរ​សម្រាប់​បម្រើ​ប្រយោជន៍​ប្រជាជន​កម្ពុជា​ជា​រៀង​រាល់​ថ្ងៃនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នា​ពេល​កន្លងមក​នេះ​
​គឺជា​ឱកាស​ដ៏​ធំ​សម្រាប់​ទីផ្សារ​កសិផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សា​បរទេស​។ បច្ចុប្បន្ននេះ ទំនិញ​ផលិតផល និង​កសិផល​របស់​កម្ពុជា​មួយចំនួន​កំពុង​ត្រូវ​បាន​ធ្វើ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ចិន​រួចទៅហើយ និង​កំពុង​ត្រៀម​រៀបចំ​នាំចេញ​មួយចំនួន​ទៀត​នៅ​ពេល​បន្ទាប់​។

​ជាថ្មី​ម្តងទៀត ទាក់ទង​ទៅនឹង​ការគោរព​ច្បាប់​ចរាច​រណ៍ ពេល​ដែល​ទទួល​បាន​ផ្លូវ​ស្អាត​ហើយ​នោះ នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ដាសតឿន​ជា​បន្ត​ទៀត​ថា អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មិន​ត្រូវ​ខ្លាច​ប៉ូលីស​ចរាចរណ៍​នោះទេ តែ​ត្រូវ​ខ្លាច​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​។ ហើយ​សម្តេច​តេជោ​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ចៀសផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​នៅថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​បាន​ចាត់ចែង​រៀបចំ​ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតរយៈភូមិ​ប្រកបដោ​យ​ភាព​ជោគជ័យ​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។ សម្ដេច​តេជោក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​ឪពុកម្ដាយ អាណាព្យាបាល និង​ក្មួយៗ ចៅៗ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រឡង​បាក់​ឌុប​កន្លងទៅ​ថ្មីៗ​នេះ ទោះបីជា​ទទួល​បា​និទ្ទេស​អ្វី​ក៏ដោយ​ឱ្យតែ​ជាប់​យើង​អាច​មានឱកាស​ក្នុង​ការ​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅពេល​ខាងមុខ​។ សម្ដេច​តេជោ​ក៏​បាន​លើកទឹកចិត្តដ​ល់​ក្មួយៗ ចៅៗ ដែល​មិន​បាន​ជាប់ ឲ្យ​បន្ត​ការសិក្សា​មួយ​ឆ្នាំ​ទៀត ឬ​អាច​បន្ត​យក​ថ្នាក់​បរិញ្ញាបត្ររង​ក៏​បាន​សម្រាប់​បន្ត​ការសិក្សា​នៅពេល​ខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សង្ឃឹមថា នឹង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​វ៉ាង វិន​ធៀន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៤១ ចាប់ពី​ពេលនេះ​តទៅ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *